ឃាត់ខ្លួន ស្រ្តីម្នាក់ ពីបទចេញសែក គ្មានប្រាក់

ភ្នំពេញ៖ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការនគរបាល រាជធានីភ្នំពេញ បានឃាត់ខ្លួនស្រ្តីម្នាក់ កាលពីវេលាម៉ោង ២និង៣០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២ នៅត្រង់ចំណុចមុខហាងមួយ ស្ថិតនៅផ្លូវលេខ២៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ខាងលិចវិមានឯករាជ្យ ដែលជាប់ចោទ ពីបទចេញសែកគ្មានប្រាក់។

លោក ផែង វណ្ណៈ អនុប្រធានការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល មានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមរយៈទូរស័ព្ទ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២ថា ជនល្មើស ដែលឃាត់ខ្លួនខាងលើនេះ មានឈ្មោះ អុក សុខន ភេទស្រី អាយុ៥៥ឆ្នាំ មុខរបររកស៊ីលក់ទិញដី ហើយចាប់ខ្លួន តាមដីកាបញ្ជា នាំខ្លួនលេខ ២៨២០ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២ របស់ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ។

លោកបន្តថា ជនល្មើសត្រូវបានជាប់ចោទ ពីបទចេញមូលប្បទានប័ត្ រគ្មានសាច់ប្រាក់ តាមពាក្យបណ្តឹងរបស់ ឈ្មោះ យូ ចាន់លី ភេទស្រី។ បន្ទាប់ពីមានការ ឃាត់ខ្លួនរួចមក នឹងបញ្ជូនទៅស្នងការដ្នានរាជធានី ដើម្បីបំពេញបែបបទ និងកសាងសំណុំរឿង ហើយបញ្ជូនទៅឲ្យព្រះរាជអាជ្ញាបន្តទៀត ដើម្បីចាត់ការទៅតាម ផ្លូវច្បាប់៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: