ខ្ចីប្រាក់គេមិនសង បន្លំឯកសារ

ភ្នំពេញ ​៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​រៀបចំ​ឲ្យ​ពាក់មួក​គ្រប​ភ្នែក ពាក់​ម៉ាស់​បាំង​មុខ​ដូចជា​និនចា​ ហើយ​នាំ​ខ្លួន​ឡើង​តុលាការ​ដោយ​នគរបាល​អនុវត្តន៍​ដីកា​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់​ចំនួន​៤​ម៉ឺន​ដុល្លារ​អាមេរិក និង​អំពើ​ក្លែង​លិខិតឯកជន។
​ ​លោក ស្រី អ៊ិន កេស​កូ​ល អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២៥​ផ្លូវ​លេខ​៤៧៨ សង្កាត់​ទួលទំពូង​ទី​២ ខណ្ឌចំការមន​ត្រូវ​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ចាប់ខ្លួន​បញ្ជូនមក​តុលាការ​កាលពី​រសៀល​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១២ ពាក់ព័ន្ធ​ទៅនឹង​ករណី​ឆបោក​ប្រាក់​ចំនួន​៤​ម៉ឺន​ដុល្លារ និង​អំពើ​ក្លែង​លិខិតឯកជន បន្ទាប់ពី​ជនសង្ស័យ​បាន​ខ្ចីប្រាក់​ពី​អ្នកដទៃ​ចំនួន​៦​ម៉ឺន​ដុល្លារ​ក្រោយមក​បាន​សង​ចំនួន​២​ម៉ឺន​ដុល្លារ ហើយ​៤​ម៉ឺន​ដុល្លារ​ទៀត​មិន​ព្រម​សង បែរជា​ធ្វើលិខិត​ក្លែងក្លាយ​បញ្ជាក់​ថា​បាន​សង​ប្រាក់​វិញ​អស់ហើយ។
​ ​រឿងនេះ​ព្រះរាជអាជ្ញា​អម​តុលាការ​រាជធានី​ភ្នំពេញ​កំពុង​សួរដេញដោល​ជនសង្ស័យ ពីព្រោះ​តាម​ចម្លើយ​របស់​ជនសង្ស័យ​បាន​ទទួល​ស្គាល់ថា ខ្លួន​ពិតជា​ជំពាក់​ប្រាក់​ដើមបណ្ដឹង​មែន ប៉ុន្តែ​មិន​ច្រើន​សន្ធឹកសន្ធាប់​ដូច​ការចោទប្រកាន់​នោះទេ។
​ ​ពាក់ព័ន្ធ​នឹង​ការ​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ អ៊ិន កេស​កូ​ល រឿង​ឆបោក​ប្រាក់ និង ក្លែង​លិខិតឯកជន​នោះ​បើ​យោង​តាម​ឯកសារ​ពាក្យបណ្ដឹង​ដែល​តម្កល់ទុក​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ដែលមាន​លោក​មេធាវី ឈ្មោ​គឹ​ង ចាន់​ធឿន ​ជា​មេធាវី​តំណាង​ឲ្យ​ឈ្មោះ ស្រ៊ុន សា​រ៉ុង និង ឈ្មោះ រឿង ពៅ​យូ​ល័​ក្ខ បាន​បញ្ជាក់​ថា​លោកស្រី ហ៊ួ​យ គឹម​ឆេង ជា​ម្ដាយ​របស់​ឈ្មោះ រឿង ពៅ​យូ​ល័​ក្ខ បាន​ឲ្យ​ឈ្មោះ អ៊ិន កេស​កូ​ល ខ្ចីប្រាក់​ចំនួន​៦​ម៉ឺន​ដុល្លារ​អាមេរិក ដាក់បញ្ចាំ​ប័ណ្ណ​សម្គាល់​អចលនវត្ថុ​មួយ​(​ប្លង់រឹង​) តាមរយៈ​លោកស្រី​តុង សុខ​ឃីម ជា​ម្ដាយ​របស់​ឈ្មោះ ស្រ៊ុន សា​រ៉ុង ។ ក្រោយ មក​ឈ្មោះ អ៊ិន កេស​កូ​ល ក៏បាន​សង​ប្រាក់​ចំនួន​២០​ម៉ឺន​ដុល្លារ​វិញ​មក​ឲ្យ​លោកស្រី ហ៊ួ​យ គឹម​ឆេង និង​រឿង ពៅ​យូ​ល័​ក្ខ ហើយ​នៅសល់​៤​ម៉ឺន​ដុល្លារ​ទៀត​មិនទាន់​សង ប៉ុន្តែ​ឈ្មោះ អ៊ិន កេស​កូ​ល បាន​សុំ​យក​ប្លង់​ផ្ទះ​ទៅ​កាត់ឈ្មោះ​លក់​ឲ្យ​អ្នកដទៃ ហើយ​សន្យា​សង​ប្រាក់​គ្រប់​ចំនួន​៤​ម៉ឺន​ដុល្លារ​នោះ​។ ពេលនោះ​លោកស្រី​ហ៊ួ​យ លឹម​ឆេង និង រឿង ពៅ​យូ​ល័​ក្ខ ក៏​យល់ព្រម លុះ​ពេល​ឲ្យ​ប្លង់​ទៅ​ឈ្មោះ អ៊ិន កេស​កូ​ល ទៅ​លក់​កាត់​លក់ ផ្ទេរ​កម្ម​សិទ្ធ​ឲ្យ​ទៅ​ឈ្មោះ ហួរ ខេង ជា​អ្នកទិញ​រួចរាល់​តាមច្បាប់ ស្រាប់តែ​ឈ្មោះ អ៊ិន កេស​កូ​ល មិន​ព្រម​សង​ប្រាក់​ដែល​ជំពាក់​៤​ម៉ឺន​ដុល្លារ​នោះ​ហើយ ប្រែជា​ប្រាប់ថា​ប្រាក់​នោះ​គាត់​បាន​ឲ្យ​មក​លោកស្រី​តុង សុខ​ឃីម ជា​ម្ដាយ​របស់​ឈ្មោះ ស្រ៊ុន ណា​រ៉ុង ដើម្បី​យកមក​សង​ឲ្យ​លោកស្រី ហ៊ួ​យ គឹម​ឆេង និង​រឿង​ពៅ យូ​ល័​ក្ខ គ្រប់​ចំនួន​អស់ហើយ ថែមទាំង​មាន​លិខិត​ប្រគល់ និង​ទទួល​ប្រាក់​ទៀតផង​។ ដោយ​ឈ្មោះ ស្រ៊ុន ណា​រ៉ុង​បាន​និយាយថា ពុំបាន​ទទួល​ប្រាក់​ចំណែក​ណាមួយ​ដូច​នៅក្នុង​លិខិត​ដែល​ឈ្មោះ អ៊ិន កេស​កូ​ល បានបញ្ជាក់​នោះទេ ព្រោះ​អក្សរ​នៅលើ​លិខិត​មិនមែនជា​អក្សរ​របស់ខ្លួន ហើយ​អ្នកទិញ​ផ្ទះ​ក៏​មិនទាន់​ឲ្យ​លុយ​គ្រប់​ចំនួន​ដែរ ហើយ​ម្ដាយ​របស់ខ្លួន​ឈ្មោះ តុង សុខ​ឃីម មិនបាន​ឲ្យ​ប្រាក់​ទៅ​ឈ្មោះ ហ៊ួ​យ គឹម​ឆេង​ដែរ​។​
​ ​ដោយសារ​ចុង​ចម្លើយ​មាន​ចេតនា​ទុច្ចរិត​កេងប្រវ័ញ្ច​មិន​ទទួលខុសត្រូវ​លើ​បំណុល ហើយ​ថែមទាំង​ក្លែង​លិខិតឯកជន​បែបនេះ ទើប​ឈ្មោះ ស្រ៊ុន សា​រ៉ុង និង​ឈ្មោះ រឿង ពៅ​យូ​ល័​ក្ខ​បានដាក់​ពាក្យបណ្ដឹង​មក​ក្រសួងមហាផ្ទៃ​ដើម្បី​ឲ្យ​សមត្ថ​កិច្ចចាត់ការ​តាមផ្លូវ​ច្បាប់​៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: