៧យ៉ាងងាយៗ ដើម្បីចាត់ការជាមួយអ្នកដែលមិនព្រមសងប្រាក់

ឲ្យតែនិយាយរឿងលុយកាក់ មិនថានរណាទេ សុទ្ធតែឈឺក្បាលដូចតែគ្នា ជាពិសេសរឿងជំពាក់លុយគេ និងរឿងលុយគេជំពាក់។ បើលើកយករឿងលុយដែលគេជំពាក់ អ្នកប្រហែលជាមានមិត្តខ្លះហើយ ដែលសុខៗស្រាប់មកហាមាត់ខ្ចីលុយអ្នក ដោយមិនរអៀស តែបើឲ្យអ្នកទៅទារវិញ មិនចាំបាច់បរិយាយ គឺភាគច្រើនមុខក្រាស់មិនងាយសងតែម្តង។

ប្រសិនបើអ្នកពិតជាជួបប្រទះទៅនឹងរឿងដែលគេជំពាក់មិនព្រមងាយសងបែបនេះ ថ្ងៃនេះអ្នកពិតជាសំណាងហើយ ព្រោះអ្នកបានអានអត្ថបទមួយនេះ៖

៧យ៉ាងងាយៗ ដើម្បីចាត់ការជាមួយអ្នកដែលមិនព្រមសងលុយ

ជំហានទី១៖ ប្រាប់មិត្តរបស់អ្នកទៅថា៖ «ឈប់ឲ្យខ្ចីហើយ បើសងអាមុនអត់អស់នោះ!»។ វិធីនេះល្អ ក្នុងការឲ្យមិត្តរបស់អ្នកសងរំដោះបំណុលចាស់ឲ្យអស់ តែមិនល្អត្រង់ថា គេនឹងអាចមកខ្ចីម្តងហើយម្តងទៀត។

ជំហានទី២៖ ទារម្តងហើយម្តងទៀត ទារឲ្យបានពីរបីដងក្នុងមួយសប្តាហ៍។ ប្រសិនបើគេនៅតែមិនសងទៀត សាកនៅវិធីបន្ទាប់។

ជំហានទី៣៖ ធ្វើខ្លួនឲ្យម៉ឺងម៉ាត់ តែក៏មិនព្រមឲ្យបាត់បង់មិត្តភាព។ សាករៀននិយាយខ្លះៗទៅថា៖ «គ្រាន់តែខ្ចីលុយប៉ុណ្ណឹង ខ្ញុំមិនទៅចិត្តគំរិះគម្រក់អីទេ! តែបើឯងមិនព្រមសងខ្ញុំនៅថ្ងៃ….នេះទេ ខ្ញុំនឹងមិនសប្បាយចិត្តឡើយ ព្រោះឯងបង្ហាញឲ្យខ្ញុំដឹងថា ឯងជាមនុស្សគ្មានមានទំនួលខុសត្រូវ ហើយក៏ពុំគោរពសន្យា»។

ជំហានទី៤៖ ទារម្តងទៀត បន្ទាប់ពីមួយខែ តែលើកនេះ អ្នកត្រូវតែធ្វើខ្លួនឲ្យម៉ឺងម៉ាត់ជាងមុន! តម្លើងសំឡេង ដោយប្រាប់គេថា បើគេមិនព្រមសងលុយឆាប់ៗទេ អ្នកនឹងឈប់ ឈប់ឲ្យគេខ្ចីរហូត។ ប៉ុន្តែប្រសិនបើមិត្តអ្នកខ្ចីលុយអ្នកច្រើន អ្នកគួរតែចាំសិន។ ចាំមើលពីរខែទៀតយ៉ាងម៉េច?

ជំហានទី៥៖ ប្រសិនបើវាកន្លងទៅបីខែហើយ តែមិត្តរបស់អ្នកនៅតែមិនទាន់សង អ្នកគួរតែធ្វើឲ្យគេដឹងថាអ្នកមិនចង់ជួបមុខគេទៀតទេ ដរាបណាគេមិនព្រមសងលុយ។ ប៉ុន្តែទោះជាយ៉ាងណា អ្នកក៏ពុំគួរគិតថា មិត្តភាពរបស់អ្នកផ្តោតសំខាន់ទៅលើរឿងលុយកាក់តែម៉្យាងឲ្យសោះ។ មុននឹងអ្នកឲ្យគេខ្ចី តើអ្នកមិនគិតចឹងទេឬ ថាអ្នកឲ្យលុយគេខ្ចី ដោយសារតែគេនឹងអាចសងលុយអ្នកវិញបាន?

ជំហានទី៦៖ ប្រសិនបើអ្នកនៅតែមិនជោគជ័យទៀត អ្នកគួរតែទទួលស្គាល់ការពិតទៅថា លុយដែលអ្នកឲ្យគេខ្ចីនោះ ហាក់ដូចជាលុយឲ្យគេចាយទទេទៅហើយ។ តែទោះជាយ៉ាងណា អ្នកក៏រៀនបាននូវមេរៀនមួយដ៏ល្អថា៖ «លើកក្រោយ កុំឲ្យលុយគេខ្ចីទៀត!»។ ប៉ុន្តែ ប្រសិនបើលុយគេជំពាក់នោះមានចំនួនច្រើន វិធីចុងក្រោយដែលអ្នកគួរធ្វើ គឺវិធីដោះស្រាយតាមផ្លូវច្បាប់។

ជំហានទី៧៖ ប្រសិនបើអ្នកពិតជាចង់រកប្រើវិធីដោះស្រាយតាមផ្លូវច្បាប់មែននោះ អ្នកគួរតែគិតឲ្យច្បាស់ថា អ្នកមានភស្តុតាងគ្រប់គ្រាន់ហើយឬនៅ ថាមិត្តរបស់អ្នកពិតជាខ្ចីលុយអ្នកមែន តាមចំនួនទឹកប្រាក់ប៉ុណ្ណេះៗ។ មុននឹងប្រើវិធីនេះ អ្នកត្រូវគិតគូរ និងថ្លឹងថ្លែងឲ្យបានច្បាស់ មុននឹងសម្រេចចិត្ត ព្រោះដើម្បីចៀសវាងកុំឲ្យមានវិប្បសារៈទៅថ្ងៃក្រោយ ជាពិសេសការបាត់បង់មិត្តភាព និងមើលមុខគ្នាមិនចំ៕

សារផ្តាំផ្ញើ៖ អ្នកពុំគួរឡើយ ធ្វើមុខក្រាស់ទៅទារលុយគេរាល់ៗថ្ងៃ ព្រោះអ្នកអាចធ្វើឲ្យគេគិតថា អ្នកជាមនុស្សតែមុខលុយ ខ្លាចតែគេខ្ចីហើយ មិនព្រមសង។ យ៉ាងណាមិញ អ្នកក៏គួរប្រុងប្រយ័ត្ន ប្រសិនបើមិត្តរបស់អ្នក ងាកៗខ្ចីលុយអ្នក ដោយមិនបានប្រាប់ពីមូលហេតុច្បាស់លាស់ ព្រោះមិត្តរបស់អ្នក ប្រហែលជាអាចមានបញ្ហា ពាក់ព័ន្ធទៅនឹងការប្រើប្រាស់គ្រឿងញៀន លេងល្បែងស៊ីសង ឬក៏មានបញ្ហាស្រីញីក៏ថាបាន៕
http://cambodiapage.info/?p=5761

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: