ស្រ្តី​ជា​មេតុង​ទីន​ម្នាក់​ត្រូវ​ជាប់​ចោទ​​ថា​​ប្រមូល​លុយ​ពីកូន​តុង​ទីន​បាន​ជាង​១០​ម៉ឺន​ដុល្លារ​

ខេត្ត​ប៉ៃលិន ៖ ស្រ្តី​ជា​មេតុង​ទីន​ម្នាក់​ត្រូវ​ជាប់​ចោទ​​ថា​​ប្រមូល​លុយ​ពីកូន​តុង​ទីន​បាន​ជាង​១០​ម៉ឺន​ដុល្លារ​ ហើយ​​រត់​គេច​ខ្លួន​បាត់​​តាំង​ពី​​ថ្ងៃ​ទី​២៥ កញ្ញា ​ដែល​រហូត​​​មក​ដល់​ពេល​​នេះ​មិន​​ដឹង​​ជា​ទៅ​លាក់​ខ្លួន​​នៅ​​កន្លែងណា​នោះ​ទេ ។ ពេល​នេះ​កូន​តុង​ទីន​ទាំង​អស់​ដែល​​ត្រូវ​​គេ​​បោក​ប្រាក់​អស់​បានដាក់ពាក្យ​បណ្តឹង​មក​ស្នងក​ារ​ដ្ឋាន​​នគរ​បាល​​ខេត្ត​ដើម្បីឱ្យ​ជួយ​ដោះ​ស្រាយ​ ។​​

ស្ត្រី​​ឈ្មោះ ​ស៊ីថា ​អាយុ​៣០​ឆ្នាំ ​​ដែល​អះ​អាង​ថា​​ជាកូន​​តុង​ទីន ​រស់​នៅ​ភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​ឱ្យ​ដឹង​ថា ​ស្ត្រី​ជា​មេ​តុង​ទីន​​ដែល​ប្រមូល​លុយ​រត់​ទៅ​​បាត់​​​នោះ​ឈ្មោះ សុខ ​ប៉ិច ​អាយុ​៤៤​ឆ្នាំ ​​ជា​អ្នក​លក់​បាយ​នៅ​ភូមិ​​​ផ្សារ​ព្រំ មាន​ស្រុក​កំណើត​​នៅឃុំ​​​​ស្វាយ​​ទាប ស្រុក​ចំការ​លើ ​​ខេត្ត​កំពង់​ចាម ​មាន​ប្តី​ឈ្មោះ ភឹម ​សុខុម ​អាយុ​ប្រហែល​៤៥​ឆ្នាំ ​មានទី​លំ​នៅ​​ក្នុង​ភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ។​​

ស្ត្រី​​ដែល​ត្រូវ​គេ​បោក​​លុយ​តុង​ទីន​រូប​នេះ​រៀប​រាប់​ថា ​​គាត់​បាន​លេង​តុង​ទីន​ជា​មួយ​ស្ត្រី​ឈ្មោះ សុខ ប៉ិច ​ចំនួន​​២ក្បាល ​​​​​ដែល​​ក្បាល​​​ទី​១ ​ចំនួន​៥.០០០​បាត ​​មានគ្នា​ទាំង​អស់​៣០នាក់ ​ចាប់​​​ផ្តើម​​ប្រមូល​លុយ​ពី​​ថ្ងៃទី​១ មករា ​២០១១ ​ដេញ​​រួច​បាន​ចំនួន​២២នាក់​ ហើយ​នៅ​សល់​​៨នាក់​​ទៀត​មិន​ទាន់​បានដេញ​ ​។ ក្បាល​ទី​២​​ចំនួន​១០.០០០​បាត ​​​មាន​គ្នា​​៣០នាក់​​ដែរ ​​ចាប់​ផ្តើម​ប្រមូល​លុយ​តាំង​ពី​ថ្ងៃទី​៣០ កក្កដា ​២០១២ ។ ​​សូម​បញ្ជាក់​ថា ​កាលពី​៣ឆ្នាំ​​មុន​ក៏​មាន​កូន​​តុង​ទីន​​ជា​ច្រើន​​នាក់​​បាន​នាំ​គ្នា​លេង​តុង​ទីន​ជាមួយ​ស្ត្រី​​​រូប​​នេះ​ដែរ ។​​​

បុរស​ម្នាក់​​​ឈ្មោះ ​ព្រំ ស៊ុន​​​ឡាយ​​ អាយុ​​៣៣​ឆ្នាំ ​ជា​អ្នក​រត់​​សំបុត្រ​​វីសា​​ រស់នៅ​ភូមិ​ផ្សារ​ព្រំ​បាន​ឱ្យ​ដឹង​ថា ​គាត់​បាន​​លេង​តុង​ទីន​ជាមួយ​ស្រ្តី​​​ឈ្មោះ ​សុខ​ ប៉ិច ​​​មួយ​ក្បាល​​១០.០០០​បាត ហើយ​បង់​​​​លុយ៣​ខែ អស់​ចំនួន​​២៤.០០០​បាត​ ​ស្រាប់​តែ​ដល់​ពេល​ដេញ​ក្នុង​​ខែ​ទី​៤ ស្ត្រី​ជា​មេតុង​ទីន​​រូប​នេះ​រត់​​គេច​ខ្លួន​បាត់​ស្រមោល​ ។ ចំ​ណែក​​​ស្ត្រី​​ម្នាក់​ទៀត​​ឈ្មោះ ​​​ខេ រ៉ា​ អាយុ​៤៣​ឆ្នាំ បាន​ឱ្យ​ដឹង​ថា ​គាត់​បាន​លេង​តុង​ទីន​ជា​មួយ​ស្ត្រី​​ឈ្មោះ សុខ ប៉ិច ​ចំនួន​២ក្បាល​ ​ដោយ​ក្នុង​មួយ​ក្បាល​​​១០.០០០​បាត ​ហើយ​គាត់​​​បាន​បង់​​លុយ​អស់​​ចំនួន​៤៨.០០០​បាត​ ត្រូវ​មេ​​តុង​ទីន ​ប្រមូល​លុយ​​រត់​​បាត់ ។​​ តាម​​ការ​អះ​អាង​ពី​កូនតុង​តីន​​​ដែល​នាំ​គ្នា​ប្តឹង​​​​ដោយ​ចោទ​ថា ​ជាជន​​បោក​ប្រាស់នោះ​ឱ្យ​​​ដឹង​​ថា ទឹក​​ប្រាក់​ដែល​​ស្ថិតក្នុង​ដៃ​​​មេ​តុង​ទីន​​​នោះ​មាន​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ ។

ដោយ​ការ​ចោទប្រកាន់​ថា មេតុងទីន​បោក​ប្រាស់​ប្រមូល​យក​លុយ​តុង​ទីន​​ហើយ​រត់​​​គេច​ខ្លួន​​នេះ ​​កូន​តុង​ទីនទាំង​អស់​នោះ​បាន​មក​​ដាក់​ពាក្យ​បណ្តឹងនៅ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្ត​ ​ដើម្បី​​ធ្វើ​ការ​​ដោះ​ស្រាយ ​​​​ប៉ុន្តែ​មិន​ទាន់​​ឃើញ​ខាង​​សមត្ថ​កិច្ច​​ចុះ​ធ្វើ​អន្តរាគមន៍​នៅ​ឡើយ​ទេ ។ ចំណែក​ផ្ទះ​របស់​ស្ត្រី​ជា​មេតុង​ទីន​​ ត្រូវ​បាន​ស្ត្រី​ម្នាក់​​​អះ​អាង​ថា ​ខ្លួន​ជា​បង​​ចូល​មក​ជញ្ជូន​​​របស់​របរ​​ទៅ​​ដាក់​នៅ​ក្នុង​​​​ផ្ទះ​របស់​ខ្លួន​ ហើយ​​​ថែមទាំង​​និយាយ​ថា​ ​ត្រូវ​​ស្ត្រី​មេ​តុង​ទីន​​​​​លក់​ឱ្យ​​ខ្លួន ។​​

ចំណែក​​លោក ហាក់​ សុភា ​អាយុ​៣៦​ឆ្នាំ​ ​ដែល​ជា​​កូន​តុង​ទីន​​​ម្នាក់​ដែរ ​បាន​ឱ្យ​ដឹ​​ង​តាម​ទូរស័ព្ទ​​កាលពី​យប់​ថ្ងៃ​ទី​២៨​ ​វិច្ឆិកា​ ថា ​កាលពី​​ប៉ុន្មាន​​ថ្ងៃ​កន្លង​​មក​នេះ​មាន​ស្រ្តី​ម្នាក់​អះ​អាង​ថា ​ខ្លួន​ជា​​​បង​របស់​ស្រី្ត​​មេតុង​ទីន​បាន​និយាយថា​ ប្អូន​របស់​​​គាត់​​បាន​លក់​ផ្ទះ​នេះ​​ឱ្យ​គាត់​ហើយ តែ​ពេល​លោក​ស៊ើប​​មើល​​តាម​រយៈ​​មេ​ភូមិ ​មេ​ឃុំ​​ ឃើញ​ថា ​ប្លង់​ផ្ទះ​នេះ​នៅ​​តែ​ជា​កម្ម​សិទ្ធិ​​របស់​ស្ត្រី​មេត​ុង​ទីន​នៅ​ឡើយ​ទេ ​។ ​លោក​ក៏​បាន​ប្រាប់​​​ឱ្យ​សមត្ថកិច្ច​​ឃាត់​មិន​​ឱ្យ​បន្ត​ជញ្ជូ​ន​របស់​របរ​​នៅ​ក្នុង​ផ្ទះ​នេះ​តទៅ​ទៀត​​ ​រង់​ចាំ​ការ​​ដោះ​ស្រាយ​​​តាម​ផ្លូវ​ច្បាប់​​សិន ៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: