ឧបសគ្គ​ទទួល​បាន​ឥណទាន​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម

អ្នក​វិភាគ​អាជីវកម្ម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៩ វិច្ឆិកា ឆ្នាំ​២០១២ ថា ឧបសគ្គ​ទទួល​បាន​ឥណទាន​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម បណ្ដាល​មក​ពី​សមត្ថភាព​អន់​ខ្សោយ​របស់​ម្ចាស់​អាជីវកម្ម​ផ្ទាល់ លក្ខខណ្ឌ​ច្រើន​សម្រាស់​ស្ថាប័ន​ដែល​ផ្ដល់​ឥណទាន រួម​ទាំង​ការ​មិន​ទទួល​ខុស​ត្រូវ​ហានិភ័យ​ឥណទាន​របស់​រដ្ឋាភិបាល​ក៏​នៅ​មាន​កម្រិត។

អ្នក​វិភាគ​បាន​បញ្ជាក់​ថា បើ​សិន​ជា​គ្មាន​ការ​ដោះស្រាយ​សមស្រប​ទេ ផែនការ​សហគ្រាស​ខ្នាត​តូច និង​មធ្យម ដែល​ចាត់​ទុក​ជា​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​នោះ គឺ​ជា​ផែនការ​ដែល​ដាក់​ចេញ​តែ​គ្មាន​ប្រយោជន៍។

ទីប្រឹក្សា​អភិវឌ្ឍន៍​អាជីវកម្ម នៃ​វិទ្យាស្ថាន វី ឃែភិថល (V CAPITAL Institute) លោក ឌិន វីរៈ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២៩ វិច្ឆិកា ថា សហគ្រាស​ខ្នាត​តូច និង​មធ្យម មាន​តួនាទី​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស ការ​បង្កើត​ការងារ ការ​អភិវឌ្ឍ​សង្គម​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​សេដ្ឋកិច្ច​ទើប​លូត​លាស់​ថ្មី (Emerging Market) មាន​ន័យ​ថា ប្រទេស​នេះ បាន​ចាត់​ទុក​ការ​អភិវឌ្ឍ​វិស័យ​អាជីវកម្ម​ដោយ​ផ្ដោត​លើ​សហគ្រាស​ខ្នាត​តូច និង​មធ្យម។ ហើយ​ផ្នែក​នេះ បាន​ជួយ​គាំទ្រ​ខ្លាំង​ដល់​ការ​បង្កើត​ចំណូល​សម្រាប់​អ្នក​ក្រីក្រ និង​ចូល​រួម​ចំណែក​កាន់​តែ​រលូន​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឯកជន។

ទោះ​ជា​យ៉ាង​ណា របាយការណ៍​ប្រចាំ​ឆ្នាំ​២០១១ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) បាន​ជំរុញ​ការ​អភិវឌ្ឍ​ផ្នែក​នេះ​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​ទំហំ​នេះ​មាន​តិច​តួច​នៅ​ឡើយ បើ​ធៀប​នឹង​តម្រូវ​ការ​ជាក់​ស្ដែង​របស់​វិស័យ​ឯកជន។ ទន្ទឹម​នឹង​ផល​លំបាក​ទាំង​នោះ អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​ធុរកិច្ច ឬ​អាជីវកម្ម​នៅ​កម្ពុជា យល់​ឃើញ​ថា ការ​ជំរុញ​ឲ្យ​ធនាគារ​ឯកទេស ស្ថាប័ន​ហិរញ្ញវត្ថុ បង្កើន​ផ្នែក​សហគ្រាស​ខ្នាត​តូច និង​មធ្យម អាច​ក្លាយ​ជា​ដំណោះ​ស្រាយ​សមស្រប​លើ​បញ្ហា​កង្វះ​ខាត​ឥណទាន​សម្រាប់​វិស័យ​ឯកជន​ទាំង​នោះ។

នាយក​ប្រតិបត្តិ​នៃ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ លោក សឹម សណ្ណាជាតិ មាន​ប្រសាសន៍​ថា ទំហំ​កម្ចី​របស់​ស្ថាប័ន​បាន​ផ្ដល់​ប្រមាណ ៦៥% នៃ​ប្រាក់​កម្ចី​សរុប ដោយ​ផ្ដោត​លើ​អាជីវកម្ម​ខ្នាត​តូច។ លោក​បញ្ជាក់​ទៀត​ថា ទំហំ​ទឹក​ប្រាក់​តិច​ជាង ៥​ពាន់​ដុល្លារ​អាមេរិក គឺ​មិន​មាន​លក្ខខណ្ឌ​ឲ្យ​អតិថិជន​ដាក់​វត្ថុ​បញ្ចាំ​ឡើយ ប៉ុន្តែ​ស្ថាប័ន​កំណត់​ឲ្យ​មាន​ផែនការ​អាជីវកម្ម និង​ទិសដៅ​ច្បាស់​លាស់ ទោះ​បី​ជា​អាជីវកម្ម​ដែល​ទើប​នឹង​បង្កើត​ក៏​ដោយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ឌិន វីរៈ មាន​ប្រសាសន៍​ថា លទ្ធផល​ទទួល​បាន​ឥណទាន​សម្រាប់​សហគ្រាស​ខ្នាត​តូច និង​មធ្យម គឺ​នៅ​មាន​កម្រិត ដោយ​សារ​តែ​ស្ថាប័ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា យល់​ថា អាជីវកម្ម​នោះ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​រក​ផល​សង​ត្រឡប់​ទៅ​វិញ។ ម៉្យាង​វិញ​ទៀត អាជីវកម្ម​ខ្នាត​តូច​ទាំង​នោះ​ភាគ​ច្រើន​គ្មាន​ផែនការ​អាជីវកម្ម​ច្បាស់​លាស់ ដើម្បី​ទទួល​បាន​ទុន​វិនិយោគ​ពី​ធនាគារ ឬ​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំង​នោះ​ឡើយ ដោយ​សារ​សមត្ថភាព​គ្រប់គ្រង​នៅ​អន់​ខ្សោយ។

លោក​បញ្ជាក់​ទៀត​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ មាន​តួនាទី​របស់​រដ្ឋាភិបាល គឺ​ត្រូវ​ជួយ​ធានា​ដល់​ឥណទាន​ដែល​ទាក់ទង​នឹង​ការ​បង្កើត​អាជីវកម្ម។ ការ​លើក​កម្ពស់​ការ​កសាង​សមត្ថភាព​ម្ចាស់​អាជីវកម្ម ដូច​ជា​ការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​អាជីវកម្ម ជា​កត្តា​សំខាន់​សម្រាប់​បង្កើន​លទ្ធភាព​ទទួល​បាន​ឥណទាន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លទ្ធភាព​នៃ​ការ​រក​ទទួល​បាន​ឥណទាន​នៅ​កម្ពុជា មាន​តិច​តួច បើ​ធៀប​ប្រទេស​ជិត​ខាង។ ការ​ស្រាវជ្រាវ​ដោយ​ធនាគារ​ពិភពលោក ឆ្នាំ​២០១១ បាន​បង្ហាញ​ថា ឥណទាន​សម្រាប់​វិស័យ​ឯកជន​នៅ​កម្ពុជា មាន​ប្រមាណ​តែ​ជាង ២៣% នៃ​ទំហំ​សេដ្ឋកិច្ច​សរុប។ ប្រទេស​វៀតណាម មាន​ជាង ៩០% ប្រទេស​ថៃ មាន​ជាង ១១៣% នៃ​ទំហំ​ឥណទាន​ដែល​ផ្ដល់​ទៅ​វិស័យ​ឯកជន។ តួ​លេខ​នេះ​បញ្ជាក់​ថា វិស័យ​ឯកជន​នៅ​កម្ពុជា ពិបាក​រក​នៅ​ឡើយ​សម្រាប់​បង្កើត និង​អភិវឌ្ឍ​អាជីវកម្ម​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រភព. Camnews

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: