Khemra Office

28/11/2013

Khemra Office

Advertisements

ឧបសគ្គ​ទទួល​បាន​ឥណទាន​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម

02/12/2012

អ្នក​វិភាគ​អាជីវកម្ម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៩ វិច្ឆិកា ឆ្នាំ​២០១២ ថា ឧបសគ្គ​ទទួល​បាន​ឥណទាន​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម បណ្ដាល​មក​ពី​សមត្ថភាព​អន់​ខ្សោយ​របស់​ម្ចាស់​អាជីវកម្ម​ផ្ទាល់ លក្ខខណ្ឌ​ច្រើន​សម្រាស់​ស្ថាប័ន​ដែល​ផ្ដល់​ឥណទាន រួម​ទាំង​ការ​មិន​ទទួល​ខុស​ត្រូវ​ហានិភ័យ​ឥណទាន​របស់​រដ្ឋាភិបាល​ក៏​នៅ​មាន​កម្រិត។

អ្នក​វិភាគ​បាន​បញ្ជាក់​ថា បើ​សិន​ជា​គ្មាន​ការ​ដោះស្រាយ​សមស្រប​ទេ ផែនការ​សហគ្រាស​ខ្នាត​តូច និង​មធ្យម ដែល​ចាត់​ទុក​ជា​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​នោះ គឺ​ជា​ផែនការ​ដែល​ដាក់​ចេញ​តែ​គ្មាន​ប្រយោជន៍។

ទីប្រឹក្សា​អភិវឌ្ឍន៍​អាជីវកម្ម នៃ​វិទ្យាស្ថាន វី ឃែភិថល (V CAPITAL Institute) លោក ឌិន វីរៈ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២៩ វិច្ឆិកា ថា សហគ្រាស​ខ្នាត​តូច និង​មធ្យម មាន​តួនាទី​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស ការ​បង្កើត​ការងារ ការ​អភិវឌ្ឍ​សង្គម​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​សេដ្ឋកិច្ច​ទើប​លូត​លាស់​ថ្មី (Emerging Market) មាន​ន័យ​ថា ប្រទេស​នេះ បាន​ចាត់​ទុក​ការ​អភិវឌ្ឍ​វិស័យ​អាជីវកម្ម​ដោយ​ផ្ដោត​លើ​សហគ្រាស​ខ្នាត​តូច និង​មធ្យម។ ហើយ​ផ្នែក​នេះ បាន​ជួយ​គាំទ្រ​ខ្លាំង​ដល់​ការ​បង្កើត​ចំណូល​សម្រាប់​អ្នក​ក្រីក្រ និង​ចូល​រួម​ចំណែក​កាន់​តែ​រលូន​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឯកជន។

ទោះ​ជា​យ៉ាង​ណា របាយការណ៍​ប្រចាំ​ឆ្នាំ​២០១១ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) បាន​ជំរុញ​ការ​អភិវឌ្ឍ​ផ្នែក​នេះ​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​ទំហំ​នេះ​មាន​តិច​តួច​នៅ​ឡើយ បើ​ធៀប​នឹង​តម្រូវ​ការ​ជាក់​ស្ដែង​របស់​វិស័យ​ឯកជន។ ទន្ទឹម​នឹង​ផល​លំបាក​ទាំង​នោះ អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​ធុរកិច្ច ឬ​អាជីវកម្ម​នៅ​កម្ពុជា យល់​ឃើញ​ថា ការ​ជំរុញ​ឲ្យ​ធនាគារ​ឯកទេស ស្ថាប័ន​ហិរញ្ញវត្ថុ បង្កើន​ផ្នែក​សហគ្រាស​ខ្នាត​តូច និង​មធ្យម អាច​ក្លាយ​ជា​ដំណោះ​ស្រាយ​សមស្រប​លើ​បញ្ហា​កង្វះ​ខាត​ឥណទាន​សម្រាប់​វិស័យ​ឯកជន​ទាំង​នោះ។

នាយក​ប្រតិបត្តិ​នៃ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ លោក សឹម សណ្ណាជាតិ មាន​ប្រសាសន៍​ថា ទំហំ​កម្ចី​របស់​ស្ថាប័ន​បាន​ផ្ដល់​ប្រមាណ ៦៥% នៃ​ប្រាក់​កម្ចី​សរុប ដោយ​ផ្ដោត​លើ​អាជីវកម្ម​ខ្នាត​តូច។ លោក​បញ្ជាក់​ទៀត​ថា ទំហំ​ទឹក​ប្រាក់​តិច​ជាង ៥​ពាន់​ដុល្លារ​អាមេរិក គឺ​មិន​មាន​លក្ខខណ្ឌ​ឲ្យ​អតិថិជន​ដាក់​វត្ថុ​បញ្ចាំ​ឡើយ ប៉ុន្តែ​ស្ថាប័ន​កំណត់​ឲ្យ​មាន​ផែនការ​អាជីវកម្ម និង​ទិសដៅ​ច្បាស់​លាស់ ទោះ​បី​ជា​អាជីវកម្ម​ដែល​ទើប​នឹង​បង្កើត​ក៏​ដោយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ឌិន វីរៈ មាន​ប្រសាសន៍​ថា លទ្ធផល​ទទួល​បាន​ឥណទាន​សម្រាប់​សហគ្រាស​ខ្នាត​តូច និង​មធ្យម គឺ​នៅ​មាន​កម្រិត ដោយ​សារ​តែ​ស្ថាប័ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា យល់​ថា អាជីវកម្ម​នោះ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​រក​ផល​សង​ត្រឡប់​ទៅ​វិញ។ ម៉្យាង​វិញ​ទៀត អាជីវកម្ម​ខ្នាត​តូច​ទាំង​នោះ​ភាគ​ច្រើន​គ្មាន​ផែនការ​អាជីវកម្ម​ច្បាស់​លាស់ ដើម្បី​ទទួល​បាន​ទុន​វិនិយោគ​ពី​ធនាគារ ឬ​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំង​នោះ​ឡើយ ដោយ​សារ​សមត្ថភាព​គ្រប់គ្រង​នៅ​អន់​ខ្សោយ។

លោក​បញ្ជាក់​ទៀត​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ មាន​តួនាទី​របស់​រដ្ឋាភិបាល គឺ​ត្រូវ​ជួយ​ធានា​ដល់​ឥណទាន​ដែល​ទាក់ទង​នឹង​ការ​បង្កើត​អាជីវកម្ម។ ការ​លើក​កម្ពស់​ការ​កសាង​សមត្ថភាព​ម្ចាស់​អាជីវកម្ម ដូច​ជា​ការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​អាជីវកម្ម ជា​កត្តា​សំខាន់​សម្រាប់​បង្កើន​លទ្ធភាព​ទទួល​បាន​ឥណទាន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លទ្ធភាព​នៃ​ការ​រក​ទទួល​បាន​ឥណទាន​នៅ​កម្ពុជា មាន​តិច​តួច បើ​ធៀប​ប្រទេស​ជិត​ខាង។ ការ​ស្រាវជ្រាវ​ដោយ​ធនាគារ​ពិភពលោក ឆ្នាំ​២០១១ បាន​បង្ហាញ​ថា ឥណទាន​សម្រាប់​វិស័យ​ឯកជន​នៅ​កម្ពុជា មាន​ប្រមាណ​តែ​ជាង ២៣% នៃ​ទំហំ​សេដ្ឋកិច្ច​សរុប។ ប្រទេស​វៀតណាម មាន​ជាង ៩០% ប្រទេស​ថៃ មាន​ជាង ១១៣% នៃ​ទំហំ​ឥណទាន​ដែល​ផ្ដល់​ទៅ​វិស័យ​ឯកជន។ តួ​លេខ​នេះ​បញ្ជាក់​ថា វិស័យ​ឯកជន​នៅ​កម្ពុជា ពិបាក​រក​នៅ​ឡើយ​សម្រាប់​បង្កើត និង​អភិវឌ្ឍ​អាជីវកម្ម​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រភព. Camnews


ស្រ្តី​ជា​មេតុង​ទីន​ម្នាក់​ត្រូវ​ជាប់​ចោទ​​ថា​​ប្រមូល​លុយ​ពីកូន​តុង​ទីន​បាន​ជាង​១០​ម៉ឺន​ដុល្លារ​

30/11/2012

ខេត្ត​ប៉ៃលិន ៖ ស្រ្តី​ជា​មេតុង​ទីន​ម្នាក់​ត្រូវ​ជាប់​ចោទ​​ថា​​ប្រមូល​លុយ​ពីកូន​តុង​ទីន​បាន​ជាង​១០​ម៉ឺន​ដុល្លារ​ ហើយ​​រត់​គេច​ខ្លួន​បាត់​​តាំង​ពី​​ថ្ងៃ​ទី​២៥ កញ្ញា ​ដែល​រហូត​​​មក​ដល់​ពេល​​នេះ​មិន​​ដឹង​​ជា​ទៅ​លាក់​ខ្លួន​​នៅ​​កន្លែងណា​នោះ​ទេ ។ ពេល​នេះ​កូន​តុង​ទីន​ទាំង​អស់​ដែល​​ត្រូវ​​គេ​​បោក​ប្រាក់​អស់​បានដាក់ពាក្យ​បណ្តឹង​មក​ស្នងក​ារ​ដ្ឋាន​​នគរ​បាល​​ខេត្ត​ដើម្បីឱ្យ​ជួយ​ដោះ​ស្រាយ​ ។​​

ស្ត្រី​​ឈ្មោះ ​ស៊ីថា ​អាយុ​៣០​ឆ្នាំ ​​ដែល​អះ​អាង​ថា​​ជាកូន​​តុង​ទីន ​រស់​នៅ​ភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​ឱ្យ​ដឹង​ថា ​ស្ត្រី​ជា​មេ​តុង​ទីន​​ដែល​ប្រមូល​លុយ​រត់​ទៅ​​បាត់​​​នោះ​ឈ្មោះ សុខ ​ប៉ិច ​អាយុ​៤៤​ឆ្នាំ ​​ជា​អ្នក​លក់​បាយ​នៅ​ភូមិ​​​ផ្សារ​ព្រំ មាន​ស្រុក​កំណើត​​នៅឃុំ​​​​ស្វាយ​​ទាប ស្រុក​ចំការ​លើ ​​ខេត្ត​កំពង់​ចាម ​មាន​ប្តី​ឈ្មោះ ភឹម ​សុខុម ​អាយុ​ប្រហែល​៤៥​ឆ្នាំ ​មានទី​លំ​នៅ​​ក្នុង​ភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ។​​

ស្ត្រី​​ដែល​ត្រូវ​គេ​បោក​​លុយ​តុង​ទីន​រូប​នេះ​រៀប​រាប់​ថា ​​គាត់​បាន​លេង​តុង​ទីន​ជា​មួយ​ស្ត្រី​ឈ្មោះ សុខ ប៉ិច ​ចំនួន​​២ក្បាល ​​​​​ដែល​​ក្បាល​​​ទី​១ ​ចំនួន​៥.០០០​បាត ​​មានគ្នា​ទាំង​អស់​៣០នាក់ ​ចាប់​​​ផ្តើម​​ប្រមូល​លុយ​ពី​​ថ្ងៃទី​១ មករា ​២០១១ ​ដេញ​​រួច​បាន​ចំនួន​២២នាក់​ ហើយ​នៅ​សល់​​៨នាក់​​ទៀត​មិន​ទាន់​បានដេញ​ ​។ ក្បាល​ទី​២​​ចំនួន​១០.០០០​បាត ​​​មាន​គ្នា​​៣០នាក់​​ដែរ ​​ចាប់​ផ្តើម​ប្រមូល​លុយ​តាំង​ពី​ថ្ងៃទី​៣០ កក្កដា ​២០១២ ។ ​​សូម​បញ្ជាក់​ថា ​កាលពី​៣ឆ្នាំ​​មុន​ក៏​មាន​កូន​​តុង​ទីន​​ជា​ច្រើន​​នាក់​​បាន​នាំ​គ្នា​លេង​តុង​ទីន​ជាមួយ​ស្ត្រី​​​រូប​​នេះ​ដែរ ។​​​

បុរស​ម្នាក់​​​ឈ្មោះ ​ព្រំ ស៊ុន​​​ឡាយ​​ អាយុ​​៣៣​ឆ្នាំ ​ជា​អ្នក​រត់​​សំបុត្រ​​វីសា​​ រស់នៅ​ភូមិ​ផ្សារ​ព្រំ​បាន​ឱ្យ​ដឹង​ថា ​គាត់​បាន​​លេង​តុង​ទីន​ជាមួយ​ស្រ្តី​​​ឈ្មោះ ​សុខ​ ប៉ិច ​​​មួយ​ក្បាល​​១០.០០០​បាត ហើយ​បង់​​​​លុយ៣​ខែ អស់​ចំនួន​​២៤.០០០​បាត​ ​ស្រាប់​តែ​ដល់​ពេល​ដេញ​ក្នុង​​ខែ​ទី​៤ ស្ត្រី​ជា​មេតុង​ទីន​​រូប​នេះ​រត់​​គេច​ខ្លួន​បាត់​ស្រមោល​ ។ ចំ​ណែក​​​ស្ត្រី​​ម្នាក់​ទៀត​​ឈ្មោះ ​​​ខេ រ៉ា​ អាយុ​៤៣​ឆ្នាំ បាន​ឱ្យ​ដឹង​ថា ​គាត់​បាន​លេង​តុង​ទីន​ជា​មួយ​ស្ត្រី​​ឈ្មោះ សុខ ប៉ិច ​ចំនួន​២ក្បាល​ ​ដោយ​ក្នុង​មួយ​ក្បាល​​​១០.០០០​បាត ​ហើយ​គាត់​​​បាន​បង់​​លុយ​អស់​​ចំនួន​៤៨.០០០​បាត​ ត្រូវ​មេ​​តុង​ទីន ​ប្រមូល​លុយ​​រត់​​បាត់ ។​​ តាម​​ការ​អះ​អាង​ពី​កូនតុង​តីន​​​ដែល​នាំ​គ្នា​ប្តឹង​​​​ដោយ​ចោទ​ថា ​ជាជន​​បោក​ប្រាស់នោះ​ឱ្យ​​​ដឹង​​ថា ទឹក​​ប្រាក់​ដែល​​ស្ថិតក្នុង​ដៃ​​​មេ​តុង​ទីន​​​នោះ​មាន​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ ។

ដោយ​ការ​ចោទប្រកាន់​ថា មេតុងទីន​បោក​ប្រាស់​ប្រមូល​យក​លុយ​តុង​ទីន​​ហើយ​រត់​​​គេច​ខ្លួន​​នេះ ​​កូន​តុង​ទីនទាំង​អស់​នោះ​បាន​មក​​ដាក់​ពាក្យ​បណ្តឹងនៅ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្ត​ ​ដើម្បី​​ធ្វើ​ការ​​ដោះ​ស្រាយ ​​​​ប៉ុន្តែ​មិន​ទាន់​​ឃើញ​ខាង​​សមត្ថ​កិច្ច​​ចុះ​ធ្វើ​អន្តរាគមន៍​នៅ​ឡើយ​ទេ ។ ចំណែក​ផ្ទះ​របស់​ស្ត្រី​ជា​មេតុង​ទីន​​ ត្រូវ​បាន​ស្ត្រី​ម្នាក់​​​អះ​អាង​ថា ​ខ្លួន​ជា​បង​​ចូល​មក​ជញ្ជូន​​​របស់​របរ​​ទៅ​​ដាក់​នៅ​ក្នុង​​​​ផ្ទះ​របស់​ខ្លួន​ ហើយ​​​ថែមទាំង​​និយាយ​ថា​ ​ត្រូវ​​ស្ត្រី​មេ​តុង​ទីន​​​​​លក់​ឱ្យ​​ខ្លួន ។​​

ចំណែក​​លោក ហាក់​ សុភា ​អាយុ​៣៦​ឆ្នាំ​ ​ដែល​ជា​​កូន​តុង​ទីន​​​ម្នាក់​ដែរ ​បាន​ឱ្យ​ដឹ​​ង​តាម​ទូរស័ព្ទ​​កាលពី​យប់​ថ្ងៃ​ទី​២៨​ ​វិច្ឆិកា​ ថា ​កាលពី​​ប៉ុន្មាន​​ថ្ងៃ​កន្លង​​មក​នេះ​មាន​ស្រ្តី​ម្នាក់​អះ​អាង​ថា ​ខ្លួន​ជា​​​បង​របស់​ស្រី្ត​​មេតុង​ទីន​បាន​និយាយថា​ ប្អូន​របស់​​​គាត់​​បាន​លក់​ផ្ទះ​នេះ​​ឱ្យ​គាត់​ហើយ តែ​ពេល​លោក​ស៊ើប​​មើល​​តាម​រយៈ​​មេ​ភូមិ ​មេ​ឃុំ​​ ឃើញ​ថា ​ប្លង់​ផ្ទះ​នេះ​នៅ​​តែ​ជា​កម្ម​សិទ្ធិ​​របស់​ស្ត្រី​មេត​ុង​ទីន​នៅ​ឡើយ​ទេ ​។ ​លោក​ក៏​បាន​ប្រាប់​​​ឱ្យ​សមត្ថកិច្ច​​ឃាត់​មិន​​ឱ្យ​បន្ត​ជញ្ជូ​ន​របស់​របរ​​នៅ​ក្នុង​ផ្ទះ​នេះ​តទៅ​ទៀត​​ ​រង់​ចាំ​ការ​​ដោះ​ស្រាយ​​​តាម​ផ្លូវ​ច្បាប់​​សិន ៕


ចាប់មេ​តុង​ទីន​ជំពាក់​ប្រាក់​កូន​តុង​ទីន​មិន​តិច​ជាង​១​លាន​ដុល្លារ

09/11/2012

ខេត្ត​កំពង់​ចាម​​ ៖ ភាព​​រំជើប​រំជួល​រឿង​មេ​តុង​ទីន បាន​ផ្ទុះ​​ឡើង​ទាំង​នៅ​តំបន់​ត្រើយ​ខាង​កើត​​ និង​ត្រើយ​ខាង​លិច​ទន្លេ​មេ​គង្គ ដោយ​ក្នុង​នោះ​មាន​មេ​តុង​ទីន​ម្នាក់​នៅ​​ក្រុង​កំពង់​ចាម​បាន​ស្លាប់​ក្នុង​ឧប្បតិ្ត​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​ និង​ម្នាក់​ទៀត​ឈ្មោះ ឆេង ឡាង ភេទ​ស្រី កំពុង​តែ​ជាប់​នៅ​ក្នុង​ពន្ធ​នា​គារ​​ខេត្ត​នៅ​ឡើយ ។ ​មេ​តុង​ទីន​នៅ​ក្រុង​សួង​ម្នាក់​ក៏​ធ្លាប់​បាន​រត់​គេច​ខ្លួន​ ក្រោយ​មក​វិល​ត្រឡប់​មក​ផ្ទះ​វិញ​សង​ប្រាក់​កូន​តុង​ទីន​បញ្ចប់​ក្តី​ក្តាំ ។

ជាក់​ស្តែង​មាន​មេ​តុង​ទីន​ល្បី​ឈ្មោះ​​​​ម្នាក់​ឈ្មោះ​ហាក់ គឹម​ស្រស់ ​ភេទ​ស្រី អាយុ​​២៨​ឆ្នាំ ​រស់​នៅ​ភូមិ​​លេខ​៤​កើត​ ឃុំ​អំពិល​តា​ពក ស្រុក​អូរ​រាំង​ឪ បាន​ជំពាក់​ប្រាក់​​កូន​តុងទីន​​រុំ​កោះ​​មិន​តិច​ជាង​១​លាន​ដុល្លារ​នោះ​ទេ ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា ​២០១២ តាម​ដី​កា​របស់​​លោក ជា​ វណ្ណៈ ​ចៅ​ក្រម​សាលា​​ដំបូង​ខេត្ត និង​​ត្រូវ​បាន​បញ្ជូន​​ទៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត​ចាត់​ការ​​តាម​នី​តិ​វិធី​ ព្រម​ទាំង​បាន​ឃុំ​ខ្លួន​​ជា​បណ្តោះ​អាសន្ន​នៅ​ពន្ធ​នា​គារ​​ខេត្ត​ផង​ដែរ ។

​លោក​វរសេនីយ៍​ត្រី សុក សំបូរ ​នាយ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​ឱ្យ​ដឹង​ថា ​​លោក​បាន​ទទួល​ពាក្យ​បណ្តឹង​​ពី​កូន​តុង​ទីន​ក្នុង​នោះ​​មាន​ ១-​ឈ្មោះ​​ លន់ ដួង ភេទ​ស្រី អាយុ​៥១​ឆ្នាំ ២-​ឈ្មោះ ​លន់ រចនា ភេទស្រី អាយុ​​៥០​ឆ្នាំ ​៣-ឈ្មោះ​កយ ថុន ​​ភេទ​ស្រី អាយុ​​៣៥​ឆ្នាំ ៤-ឈ្មោះ​​ហ៊ាង មួយ ភេទស្រី អាយុ​៤៩​ឆ្នាំ ​រួម​នឹង​បណ្តឹង​របស់​ប្រ​ជា​ពលរដ្ឋ​​ចំនួន​៣៩​នាក់​ទៀត​ មាន​ទី​លំនៅ​​ឃុំ​អំពិល​តា​ពក ស្រុក​អូររាំង​ឪ ​នៅ​អធិការដ្ឋាន​នគរ​បាល​​ស្រុក​អូរ​រាំង​ឪ ​កាល​ពី​ថ្ងៃ​ទី​៣០ ឧសភា ២០១២ ដើម្បី​ជួយ​អន្ត​រា​គមន៍​តាម​ផ្លូវ​ច្បាប់ ចំពោះ​​មេ​តុង​ទីន​ខាង​លើ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


៧យ៉ាងងាយៗ ដើម្បីចាត់ការជាមួយអ្នកដែលមិនព្រមសងប្រាក់

24/10/2012

ឲ្យតែនិយាយរឿងលុយកាក់ មិនថានរណាទេ សុទ្ធតែឈឺក្បាលដូចតែគ្នា ជាពិសេសរឿងជំពាក់លុយគេ និងរឿងលុយគេជំពាក់។ បើលើកយករឿងលុយដែលគេជំពាក់ អ្នកប្រហែលជាមានមិត្តខ្លះហើយ ដែលសុខៗស្រាប់មកហាមាត់ខ្ចីលុយអ្នក ដោយមិនរអៀស តែបើឲ្យអ្នកទៅទារវិញ មិនចាំបាច់បរិយាយ គឺភាគច្រើនមុខក្រាស់មិនងាយសងតែម្តង។

ប្រសិនបើអ្នកពិតជាជួបប្រទះទៅនឹងរឿងដែលគេជំពាក់មិនព្រមងាយសងបែបនេះ ថ្ងៃនេះអ្នកពិតជាសំណាងហើយ ព្រោះអ្នកបានអានអត្ថបទមួយនេះ៖

៧យ៉ាងងាយៗ ដើម្បីចាត់ការជាមួយអ្នកដែលមិនព្រមសងលុយ

ជំហានទី១៖ ប្រាប់មិត្តរបស់អ្នកទៅថា៖ «ឈប់ឲ្យខ្ចីហើយ បើសងអាមុនអត់អស់នោះ!»។ វិធីនេះល្អ ក្នុងការឲ្យមិត្តរបស់អ្នកសងរំដោះបំណុលចាស់ឲ្យអស់ តែមិនល្អត្រង់ថា គេនឹងអាចមកខ្ចីម្តងហើយម្តងទៀត។

ជំហានទី២៖ ទារម្តងហើយម្តងទៀត ទារឲ្យបានពីរបីដងក្នុងមួយសប្តាហ៍។ ប្រសិនបើគេនៅតែមិនសងទៀត សាកនៅវិធីបន្ទាប់។

ជំហានទី៣៖ ធ្វើខ្លួនឲ្យម៉ឺងម៉ាត់ តែក៏មិនព្រមឲ្យបាត់បង់មិត្តភាព។ សាករៀននិយាយខ្លះៗទៅថា៖ «គ្រាន់តែខ្ចីលុយប៉ុណ្ណឹង ខ្ញុំមិនទៅចិត្តគំរិះគម្រក់អីទេ! តែបើឯងមិនព្រមសងខ្ញុំនៅថ្ងៃ….នេះទេ ខ្ញុំនឹងមិនសប្បាយចិត្តឡើយ ព្រោះឯងបង្ហាញឲ្យខ្ញុំដឹងថា ឯងជាមនុស្សគ្មានមានទំនួលខុសត្រូវ ហើយក៏ពុំគោរពសន្យា»។

ជំហានទី៤៖ ទារម្តងទៀត បន្ទាប់ពីមួយខែ តែលើកនេះ អ្នកត្រូវតែធ្វើខ្លួនឲ្យម៉ឺងម៉ាត់ជាងមុន! តម្លើងសំឡេង ដោយប្រាប់គេថា បើគេមិនព្រមសងលុយឆាប់ៗទេ អ្នកនឹងឈប់ ឈប់ឲ្យគេខ្ចីរហូត។ ប៉ុន្តែប្រសិនបើមិត្តអ្នកខ្ចីលុយអ្នកច្រើន អ្នកគួរតែចាំសិន។ ចាំមើលពីរខែទៀតយ៉ាងម៉េច?

ជំហានទី៥៖ ប្រសិនបើវាកន្លងទៅបីខែហើយ តែមិត្តរបស់អ្នកនៅតែមិនទាន់សង អ្នកគួរតែធ្វើឲ្យគេដឹងថាអ្នកមិនចង់ជួបមុខគេទៀតទេ ដរាបណាគេមិនព្រមសងលុយ។ ប៉ុន្តែទោះជាយ៉ាងណា អ្នកក៏ពុំគួរគិតថា មិត្តភាពរបស់អ្នកផ្តោតសំខាន់ទៅលើរឿងលុយកាក់តែម៉្យាងឲ្យសោះ។ មុននឹងអ្នកឲ្យគេខ្ចី តើអ្នកមិនគិតចឹងទេឬ ថាអ្នកឲ្យលុយគេខ្ចី ដោយសារតែគេនឹងអាចសងលុយអ្នកវិញបាន?

ជំហានទី៦៖ ប្រសិនបើអ្នកនៅតែមិនជោគជ័យទៀត អ្នកគួរតែទទួលស្គាល់ការពិតទៅថា លុយដែលអ្នកឲ្យគេខ្ចីនោះ ហាក់ដូចជាលុយឲ្យគេចាយទទេទៅហើយ។ តែទោះជាយ៉ាងណា អ្នកក៏រៀនបាននូវមេរៀនមួយដ៏ល្អថា៖ «លើកក្រោយ កុំឲ្យលុយគេខ្ចីទៀត!»។ ប៉ុន្តែ ប្រសិនបើលុយគេជំពាក់នោះមានចំនួនច្រើន វិធីចុងក្រោយដែលអ្នកគួរធ្វើ គឺវិធីដោះស្រាយតាមផ្លូវច្បាប់។

ជំហានទី៧៖ ប្រសិនបើអ្នកពិតជាចង់រកប្រើវិធីដោះស្រាយតាមផ្លូវច្បាប់មែននោះ អ្នកគួរតែគិតឲ្យច្បាស់ថា អ្នកមានភស្តុតាងគ្រប់គ្រាន់ហើយឬនៅ ថាមិត្តរបស់អ្នកពិតជាខ្ចីលុយអ្នកមែន តាមចំនួនទឹកប្រាក់ប៉ុណ្ណេះៗ។ មុននឹងប្រើវិធីនេះ អ្នកត្រូវគិតគូរ និងថ្លឹងថ្លែងឲ្យបានច្បាស់ មុននឹងសម្រេចចិត្ត ព្រោះដើម្បីចៀសវាងកុំឲ្យមានវិប្បសារៈទៅថ្ងៃក្រោយ ជាពិសេសការបាត់បង់មិត្តភាព និងមើលមុខគ្នាមិនចំ៕

សារផ្តាំផ្ញើ៖ អ្នកពុំគួរឡើយ ធ្វើមុខក្រាស់ទៅទារលុយគេរាល់ៗថ្ងៃ ព្រោះអ្នកអាចធ្វើឲ្យគេគិតថា អ្នកជាមនុស្សតែមុខលុយ ខ្លាចតែគេខ្ចីហើយ មិនព្រមសង។ យ៉ាងណាមិញ អ្នកក៏គួរប្រុងប្រយ័ត្ន ប្រសិនបើមិត្តរបស់អ្នក ងាកៗខ្ចីលុយអ្នក ដោយមិនបានប្រាប់ពីមូលហេតុច្បាស់លាស់ ព្រោះមិត្តរបស់អ្នក ប្រហែលជាអាចមានបញ្ហា ពាក់ព័ន្ធទៅនឹងការប្រើប្រាស់គ្រឿងញៀន លេងល្បែងស៊ីសង ឬក៏មានបញ្ហាស្រីញីក៏ថាបាន៕
http://cambodiapage.info/?p=5761


ខ្ចីប្រាក់គេមិនសង បន្លំឯកសារ

11/10/2012

ភ្នំពេញ ​៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​រៀបចំ​ឲ្យ​ពាក់មួក​គ្រប​ភ្នែក ពាក់​ម៉ាស់​បាំង​មុខ​ដូចជា​និនចា​ ហើយ​នាំ​ខ្លួន​ឡើង​តុលាការ​ដោយ​នគរបាល​អនុវត្តន៍​ដីកា​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់​ចំនួន​៤​ម៉ឺន​ដុល្លារ​អាមេរិក និង​អំពើ​ក្លែង​លិខិតឯកជន។
​ ​លោក ស្រី អ៊ិន កេស​កូ​ល អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២៥​ផ្លូវ​លេខ​៤៧៨ សង្កាត់​ទួលទំពូង​ទី​២ ខណ្ឌចំការមន​ត្រូវ​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ចាប់ខ្លួន​បញ្ជូនមក​តុលាការ​កាលពី​រសៀល​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១២ ពាក់ព័ន្ធ​ទៅនឹង​ករណី​ឆបោក​ប្រាក់​ចំនួន​៤​ម៉ឺន​ដុល្លារ និង​អំពើ​ក្លែង​លិខិតឯកជន បន្ទាប់ពី​ជនសង្ស័យ​បាន​ខ្ចីប្រាក់​ពី​អ្នកដទៃ​ចំនួន​៦​ម៉ឺន​ដុល្លារ​ក្រោយមក​បាន​សង​ចំនួន​២​ម៉ឺន​ដុល្លារ ហើយ​៤​ម៉ឺន​ដុល្លារ​ទៀត​មិន​ព្រម​សង បែរជា​ធ្វើលិខិត​ក្លែងក្លាយ​បញ្ជាក់​ថា​បាន​សង​ប្រាក់​វិញ​អស់ហើយ។
​ ​រឿងនេះ​ព្រះរាជអាជ្ញា​អម​តុលាការ​រាជធានី​ភ្នំពេញ​កំពុង​សួរដេញដោល​ជនសង្ស័យ ពីព្រោះ​តាម​ចម្លើយ​របស់​ជនសង្ស័យ​បាន​ទទួល​ស្គាល់ថា ខ្លួន​ពិតជា​ជំពាក់​ប្រាក់​ដើមបណ្ដឹង​មែន ប៉ុន្តែ​មិន​ច្រើន​សន្ធឹកសន្ធាប់​ដូច​ការចោទប្រកាន់​នោះទេ។
​ ​ពាក់ព័ន្ធ​នឹង​ការ​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ អ៊ិន កេស​កូ​ល រឿង​ឆបោក​ប្រាក់ និង ក្លែង​លិខិតឯកជន​នោះ​បើ​យោង​តាម​ឯកសារ​ពាក្យបណ្ដឹង​ដែល​តម្កល់ទុក​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ដែលមាន​លោក​មេធាវី ឈ្មោ​គឹ​ង ចាន់​ធឿន ​ជា​មេធាវី​តំណាង​ឲ្យ​ឈ្មោះ ស្រ៊ុន សា​រ៉ុង និង ឈ្មោះ រឿង ពៅ​យូ​ល័​ក្ខ បាន​បញ្ជាក់​ថា​លោកស្រី ហ៊ួ​យ គឹម​ឆេង ជា​ម្ដាយ​របស់​ឈ្មោះ រឿង ពៅ​យូ​ល័​ក្ខ បាន​ឲ្យ​ឈ្មោះ អ៊ិន កេស​កូ​ល ខ្ចីប្រាក់​ចំនួន​៦​ម៉ឺន​ដុល្លារ​អាមេរិក ដាក់បញ្ចាំ​ប័ណ្ណ​សម្គាល់​អចលនវត្ថុ​មួយ​(​ប្លង់រឹង​) តាមរយៈ​លោកស្រី​តុង សុខ​ឃីម ជា​ម្ដាយ​របស់​ឈ្មោះ ស្រ៊ុន សា​រ៉ុង ។ ក្រោយ មក​ឈ្មោះ អ៊ិន កេស​កូ​ល ក៏បាន​សង​ប្រាក់​ចំនួន​២០​ម៉ឺន​ដុល្លារ​វិញ​មក​ឲ្យ​លោកស្រី ហ៊ួ​យ គឹម​ឆេង និង​រឿង ពៅ​យូ​ល័​ក្ខ ហើយ​នៅសល់​៤​ម៉ឺន​ដុល្លារ​ទៀត​មិនទាន់​សង ប៉ុន្តែ​ឈ្មោះ អ៊ិន កេស​កូ​ល បាន​សុំ​យក​ប្លង់​ផ្ទះ​ទៅ​កាត់ឈ្មោះ​លក់​ឲ្យ​អ្នកដទៃ ហើយ​សន្យា​សង​ប្រាក់​គ្រប់​ចំនួន​៤​ម៉ឺន​ដុល្លារ​នោះ​។ ពេលនោះ​លោកស្រី​ហ៊ួ​យ លឹម​ឆេង និង រឿង ពៅ​យូ​ល័​ក្ខ ក៏​យល់ព្រម លុះ​ពេល​ឲ្យ​ប្លង់​ទៅ​ឈ្មោះ អ៊ិន កេស​កូ​ល ទៅ​លក់​កាត់​លក់ ផ្ទេរ​កម្ម​សិទ្ធ​ឲ្យ​ទៅ​ឈ្មោះ ហួរ ខេង ជា​អ្នកទិញ​រួចរាល់​តាមច្បាប់ ស្រាប់តែ​ឈ្មោះ អ៊ិន កេស​កូ​ល មិន​ព្រម​សង​ប្រាក់​ដែល​ជំពាក់​៤​ម៉ឺន​ដុល្លារ​នោះ​ហើយ ប្រែជា​ប្រាប់ថា​ប្រាក់​នោះ​គាត់​បាន​ឲ្យ​មក​លោកស្រី​តុង សុខ​ឃីម ជា​ម្ដាយ​របស់​ឈ្មោះ ស្រ៊ុន ណា​រ៉ុង ដើម្បី​យកមក​សង​ឲ្យ​លោកស្រី ហ៊ួ​យ គឹម​ឆេង និង​រឿង​ពៅ យូ​ល័​ក្ខ គ្រប់​ចំនួន​អស់ហើយ ថែមទាំង​មាន​លិខិត​ប្រគល់ និង​ទទួល​ប្រាក់​ទៀតផង​។ ដោយ​ឈ្មោះ ស្រ៊ុន ណា​រ៉ុង​បាន​និយាយថា ពុំបាន​ទទួល​ប្រាក់​ចំណែក​ណាមួយ​ដូច​នៅក្នុង​លិខិត​ដែល​ឈ្មោះ អ៊ិន កេស​កូ​ល បានបញ្ជាក់​នោះទេ ព្រោះ​អក្សរ​នៅលើ​លិខិត​មិនមែនជា​អក្សរ​របស់ខ្លួន ហើយ​អ្នកទិញ​ផ្ទះ​ក៏​មិនទាន់​ឲ្យ​លុយ​គ្រប់​ចំនួន​ដែរ ហើយ​ម្ដាយ​របស់ខ្លួន​ឈ្មោះ តុង សុខ​ឃីម មិនបាន​ឲ្យ​ប្រាក់​ទៅ​ឈ្មោះ ហ៊ួ​យ គឹម​ឆេង​ដែរ​។​
​ ​ដោយសារ​ចុង​ចម្លើយ​មាន​ចេតនា​ទុច្ចរិត​កេងប្រវ័ញ្ច​មិន​ទទួលខុសត្រូវ​លើ​បំណុល ហើយ​ថែមទាំង​ក្លែង​លិខិតឯកជន​បែបនេះ ទើប​ឈ្មោះ ស្រ៊ុន សា​រ៉ុង និង​ឈ្មោះ រឿង ពៅ​យូ​ល័​ក្ខ​បានដាក់​ពាក្យបណ្ដឹង​មក​ក្រសួងមហាផ្ទៃ​ដើម្បី​ឲ្យ​សមត្ថ​កិច្ចចាត់ការ​តាមផ្លូវ​ច្បាប់​៕


ឃាត់ខ្លួន ស្រ្តីម្នាក់ ពីបទចេញសែក គ្មានប្រាក់

21/09/2012

ភ្នំពេញ៖ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការនគរបាល រាជធានីភ្នំពេញ បានឃាត់ខ្លួនស្រ្តីម្នាក់ កាលពីវេលាម៉ោង ២និង៣០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២ នៅត្រង់ចំណុចមុខហាងមួយ ស្ថិតនៅផ្លូវលេខ២៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ខាងលិចវិមានឯករាជ្យ ដែលជាប់ចោទ ពីបទចេញសែកគ្មានប្រាក់។

លោក ផែង វណ្ណៈ អនុប្រធានការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល មានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមរយៈទូរស័ព្ទ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២ថា ជនល្មើស ដែលឃាត់ខ្លួនខាងលើនេះ មានឈ្មោះ អុក សុខន ភេទស្រី អាយុ៥៥ឆ្នាំ មុខរបររកស៊ីលក់ទិញដី ហើយចាប់ខ្លួន តាមដីកាបញ្ជា នាំខ្លួនលេខ ២៨២០ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២ របស់ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ។

លោកបន្តថា ជនល្មើសត្រូវបានជាប់ចោទ ពីបទចេញមូលប្បទានប័ត្ រគ្មានសាច់ប្រាក់ តាមពាក្យបណ្តឹងរបស់ ឈ្មោះ យូ ចាន់លី ភេទស្រី។ បន្ទាប់ពីមានការ ឃាត់ខ្លួនរួចមក នឹងបញ្ជូនទៅស្នងការដ្នានរាជធានី ដើម្បីបំពេញបែបបទ និងកសាងសំណុំរឿង ហើយបញ្ជូនទៅឲ្យព្រះរាជអាជ្ញាបន្តទៀត ដើម្បីចាត់ការទៅតាម ផ្លូវច្បាប់៕